សម្បត្តិមហាសាល
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
សម្បត្តិមហាសាល
សម្បត្តិ៖ គឺជារបស់របរ,វត្ថុ,សម្ភារៈដែលជាកម្មសិទ្ធរបស់ឯកជន ឫជារបស់រដ្ឋ។ ម្យ៉ាងវិញទៀត
សម្បត្តិ ក៏ជាសម្រស់របស់រូបរាងកាយ,សុខភាព,អាយុជីវិត,កម្លាំងពលំដែលជាកម្មសិទ្ធរបស់
បុគ្គលម្នាក់ៗរៀងៗខ្លួន។ តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា ព្រះពុទ្ធទ្រង់បានត្រាស់សម្តែងថា៖
‹សុភាវធម៌ទាំងឡាយមានកិរិយាកើតឡើងហើយរលត់ទៅវិញជាធម្មតា សុភាវធម៌ទាំងនោះ
កើតឡើងអាស្រ័យដោយមានហេតុជាបច្ច័យទើបកើតឡើងបាន ពេលបច្ច័យនោះរលត់ទៅផុត
សុភាវធម៌នោះ ក៏រលត់ទៅវិញតាមបច្ច័យនោះៗភ្លាមមួយរំពេច›។ ដូចជាពាក្យពុទ្ធពរទាំងបួន
ប្រការ‹‹អាយុ,វណ្ណៈ,សុខៈ,ពលៈ›› គឺជាផលនៃកុសលកម្មចាស់ដែលត្រូវបានទទួលក្នុងជាតិនេះ
ក៏ដោយសារមានការសន្សំនូវ(ហេតុ=កុសលកម្ម)ក្នុងអតីតជាតិ។ យ៉ាងណាមិញសម្បត្តិទ្រព្យ
ដូចជា(លុយកាក់,មាស,ប្រាក់,កែវកង…)ដែលបុគ្គលម្នាក់ៗត្រូវបានទទួលក្នុងជាតិនេះ ក៏អា
ស្រ័យដោយសារការសន្សំនូវហេតុក្នុងអតីតជាតិ ដែលត្រូវបានឱ្យផលនាពេលបច្ចុប្បន្ននេះ។
ប៉ុន្តែសម្បត្តិទ្រព្យដែលបុគ្គលម្នាក់ៗត្រូវបានទទួលក្នុងជាតិនេះ គឺមានពីរប្រភេទ៖
១)-សម្បត្តិទ្រព្យដែលកើតមានឡើងដោយធម៌ គឺជាទ្រព្យសម្បត្តិដែលកើតឡើងដោយអំពើសុច្ច
រឹតទៀងត្រង់(កុសលកម្មបទ)តាមកម្លាំងកាយ,កម្លាំងប្រាជ្ញា។ ទោះបីជាទ្រព្យសម្បត្តិនោះមាន
ចំនួនច្រើនអានេកជាសម្បត្តិមហាសាលយ៉ាងណាក៏ក្តី ក៏ជាសម្បត្តិទ្រព្យដែលកើតមានឡើង
ដោយអំពើសុច្ចរឹត ដោយមិនបានទៅសម្លាប់,លួចប្លន់,បោកប្រាស់,គេងប្រវ័ញ្ញ,ជញ្ជក់ឈាមនិង
បំផ្លាញអ្នកដ៏ទៃណាម្នាក់ឱ្យជួបប្រទះនូវសេចក្តីវិនាសអន្តរាយរងទុក្ខវេទនាបែកបាក់គ្រួសារ
ដោយសារទង្វើរបស់បុគ្គលនោះ ឫក៏ដោយសារសម្បត្តិទ្រព្យដែលប៉ុគ្គលនោះបានទទួលក៏ទេ
ដែរ។ ពីព្រោះទ្រព្យសម្បត្តិទាំងនោះ វាជាផលនៃកុសលកម្មចាស់ដែលបុគ្គលនោះធ្លាប់បាន
សាងពីអតីតជាតិរួចមក ឫក៏ជាកុសលកម្មថ្មីដែលបុគ្គលកំពុងសាងជាតិនេះបានញ៉ាំងឱ្យ ផលនៃ
កុសលកម្មចាស់សន្សំពីជាតិមុន ត្រូវបានទទួលក្នុងជាតិនេះផង និងទុកសំរាប់សន្សំនូវផលតទៅ
ជាតិខាងមុខៗទៀតផង។ឧទាហរណ៍៖មេក្រុមហ៊ុនបណ្តាញសេវ៉ាកម្មហ្វេសប៊ុកបានទទួលប្រាក់
ចំណេញក្នុងមួយឆ្នាំៗរាប់រយលានដុលឡារ៍អាមេរិក ដោយមិនបានទៅប្រព្រឹត្តអំពើទុច្ចរឹតដោយអកុសលកម្មបទម្តងណាសោះ។ ប៉ុន្តែអតិថិជនដែលជាភ្ញៀវដូចជាឯកជន,ឫក្រុមហ៊ុនលដែល
បានទទួលប្រើប្រាស់នូវបណ្តាញសេវ៉ាកម្មហ្វេប៊ុកគាត់មានការពេញចិត្តរីករាយក្នុងការបង់ថ្លៃឱ្យ
ដល់ទៅម្ចាស់ក្រុមហ៊ុននៃបណ្តាញសេវ៉ាកម្មហ្វេសប៊ុកនោះថែមទៀតផង។
២)-សម្បត្តិទ្រព្យដែលកើតមានឡើងដោយសារអកុសលធម៌ គឺជាទ្រព្យសម្បត្តិដែលកើតឡើង
ដោយអំពើទុច្ចរឹតជាអកុសលកម្មបទ(ផ្លូវកាយ,វាចា,ចិត្ត) ដូចជាកុហក់,ភូតភរ,បោកប្រាស់,កេង
ប្រវ័ញ្ច,លួចប្លន់,បំផ្លាញ,ឈ្នានិះ,ច្រណែននិន្ទា,ព្យាបាទ,កាប់សម្លាប់,ហុតឈាមដោយមានចេត
នាគឺសេចក្តីប៉ងប្រាថ្នាបំផ្លាញអ្នកដ៏ទៃដើម្បីបំពេញមហិច្ឆតាលោភលន់របស់អត្មាខ្លួនដោយគ្មាន
ការអៀនខ្មាស់,គ្មានការខ្ពើមរអើម និងគ្មានការភ័យខ្លាច នូវអំពើទុច្ចរឹតជាអកុសលកម្មបទដែល
ខ្លួនបានប្រព្រឹត្តហើយនោះ វាជាហេតុញ៉ាំងឱ្យអ្នកដ៏ទៃជួបប្រទះនូវសេចក្តីទុក្ខវេទ នាវិនាស
អន្តរាយដល់អាយុជីវិតរបស់ពួកគាត់,របស់ក្រុមគ្រួសារពួកគាត់ និងអាចប៉ះទង្គិចដល់អាយុ
ជីវិតសង្គមជាតិទាំងមូលថែមទៀតផង។
មហាសាល៖ ច្រើនអានេករាប់មិនអស់,ច្រើនលើសលប់,មិនអាចប្រមាណបាន, មិនអាចវាស់
បាន,កប់ពពក,លើសពីសេចក្តីត្រូវការចាំបាច់របស់ជីវិត។
សម្បត្តិមហាសាល៖ គឺជារបស់របរ,វត្ថុ,សម្ភារៈដែលជាកម្មសិទ្ធរបស់ឯកជនឫរបស់រដ្ឋមាន
ចំនួនច្រើនអានេករាប់មិនអស់,មិនអាចវាស់បាន។ បើតាមការសំគាល់មើលទៅ‹សម្បត្តិមហា
សាល›វាមិនមែនជារឿងមួយដែលមានទាក់ទងតែទៅនឹងសង្គមជាតិខ្មែរតែមួយគត់ប៉ុណ្ណោះទេ
និងក៏មិនមែនមានតែក្នុងសម័យបច្ចុប្បន្នកាលយើងនេះដែរទេ។ រឿង‹សម្បត្តិមហាសាល›វាជា
រឿងដែលធ្លាប់កើតមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោកយើងនេះ គឺធ្លាប់មានតាំងតែពី
បុរាណកាលមកម៉្លេះ។ ចុះតើហេតុដូចម្តេចបានជាចាស់បុរាណលោកលើកយកពាក្យ‹សម្បត្តិ
មហាសាល›នេះមកតំណាលប្រាប់កូនខ្មែរជំនាន់ក្រោយ? តើក្នុងបំណងអ្វីខ្លះ?
ចាស់បុរាណលោកមានបំណងចង់ប្រាប់កូនចៅជំនាន់ក្រោយថា៖‹សម្បត្តិមហាសាល›វាជារោគសញ្ញារបស់សង្គមសំរាប់បង្ហាញ បញ្ជាក់ប្រាប់យើងឱ្យដឹងថាសង្គមកំពង់តែមានជម្ងឺជាទម្ងន់ត្រូវ
ស្វែងរកគ្រូពេទ្យមកព្យាបាលជម្ងឺនោះជាបន្ទាន់ មិនអាចពន្យាពេលតទៅទៀតបានទេ បើមិន
ដូច្នេះទេសង្គមត្រូវទទួលគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតជាក់ជាមិនខានឡើយ។ មិនថាជំនាន់
ពុទ្ធកាលឫក៏បច្ចុប្បន្នកាលទេ ឱ្យតែសង្គមកើតមានរោគសញ្ញាប្រភេទ‹សម្បត្តិមហាសាល›នេះគឺ
មេរោគវាកំពង់តែបង្កើតជម្លោះសង្គមដោយបានបែងចែកសង្គមជាពីរបក្សដូចខាងក្រោមនេះ៖
១)- ក្នុងសង្គមមួយ មានមនុស្សមួយក្រុមមានចំនួនប្រហែលជា១ភាគរយដែលមានសម្បត្តិទ្រព្យ
ច្រើនអានេក ឫមានសម្បត្តិមហាសាល បានដោយសារពីអំពើទុច្ចរឹត ដែលវាជាមេរោគដ៏កាចសា
ហាវជាទីបំផុត ក្នុងការបង្កវិប្បត្តិគ្រប់បែបយ៉ាងឱ្យដល់សង្គមដោយប្រើការគាបសង្កត់មកលើអ្នក
ទន់ខ្សោយដោយអំពើពុករលួយ,កេងប្រវ័ញ្ញ,រឹបអូសខុសច្បាប់,បំពានលើច្បាប់,ស៊ីសំណូកសូក
ប៉ាន់,លក់ទឹកដី,លក់ព្រៃព្រឹក្សាអ្នកតាវ័រ,លក់ក្បាលអ្នកតា,លក់ជាតិ,ហុតឈាម,បោកបញ្ឆោត,
ក្លែងបន្លំ,កាប់សម្លាប់…។ល។ ដែលជាហេតុបណ្តាលឱ្យមានអយុត្តិធម៌សង្គម,កើតភាពក្រីក្រ
ទុរគត់,មានអស្ថិរភាពសង្គម(ជម្លោះ)អាស្រ័យដោយសារ‹សម្បត្តិមហាសាល›។
២)- មនុស្សទូទាំងនគរប្រមាណប្រហែល៩៩ភាគរយ មានកំរឹតជីវភាពទ្រទ្រង់គ្រួសារ ក្រខ្សត់
ទុរគត់ រកព្រឹកខ្វះល្ងាច រងទុក្ខវេទនា មហាសែនលំបាកតកូនតចៅ។ សង្គមទីមួយ(មេដឹកនាំ)
ជាអ្នកប្រព្រឹត្តអំពើទុច្ចរឹតមកលើសង្គមទីពីរ(ប្រជាជន)ឱ្យទទួលរងទុក្ខវេទនានូវភាពក្រីក្រទុរគត
ដែលវាជាមូលហេតុនាំឱ្យកើតមានចោរកម្ម,ពេស្យាកម្ម,ឃាត្តកម្ម…។ល។បង្កឱ្យមានភាពវឹកវរ
ពេញទាំងនគរ សង្គមទទួលរងវិបត្តិយ៉ាងធ្ងន់ធ្ងវាជាជម្ងឺរាំរ៉ៃ គឺជម្ងឺមហារីកសង្គម។ បើសម្បត្តិ
មហាសាល ជាកម្មសិទ្ធរបស់រដ្ឋទាំងមូលសំរាប់ចែករំលែកក្នុងការគ្រប់គ្រងសំរាប់បំរើជាតិនិង
ប្រជាជនដូចជាក្រសួងសុខាភិបាល,ក្រសួងអប់រំ,ក្រសួងកាពារជាតិ,ក្រសួងមហាផ្ទៃ វាជារឿង
ធម្មតា។ ប៉ុន្តែបើជាកម្មសិទ្ធរបស់មេដឹកនាំថ្នាក់កំពូលដូចជាស្ដេច,ប្រធានាធិបតី,នាយករដ្ឋមន្ត្រី
ឫក្រុមគ្រួសាររបស់អ្នកដឹកនាំ,បក្សពួកឫក្រុមគ្រួសាររបស់គេទៅវិញ វាមិនមែនជារឿងធម្មតា
ទេ។ ជាពិសេសចំពោះមេដឹកនាំណាដែលគ្មានទសពិធរាជធម៌ គ្មានព្រហ្មវិហាធម៌ មិនបានគិត
គូរដល់សេចក្តីសុខឫទុក្ខវេទនា ឫដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនតូចតាចដែលពួកគាត់
កំពង់រងគ្រោះដោយសារគ្រោះធម្មជាតិ(រាំងស្ងួត,ទឹកជំនន់,ជម្ងឺរោគរាតត្បាត,សង្គ្រាមរាំងជល,
កើតទុរភិក្ស និងអយុត្តិធម៌សង្គមទទួលការគាបសង្កត់ពីសំណាក់អ្នកមានអំណាចដោយប្រើអំពើ
ពុករលួយ,ជញ្ជក់ឈាម,មានការកាប់សម្លាប់គ្មានត្រាប្រណីបន្តិចណាសោះចំពោះប្រជាជនរបស់
ខ្លួនដែលជាហេតុបណ្តាលឱ្យប្រជាជនកើតមានការក្តៅក្រហាយនិងមានការរើបំរះងើបបះបោររំ
លំរបបរាជានិយម ប្រឆាំងដណ្តើមយកអំណាចពីព្រះចៅអធិរាជ(ស្តេចផែនដី)គឺជាបដិវត្តន៍ប្រជា
ជន។ឧទាហរណ៍ជាក់ស្តែងទី១៖បដិវត្តន៍ប្រជាជនដំបូងបង្អស់កើតមាននៅប្រទេសបារាំងក្នុងឆ្នាំ
១៧៨០។ ឧទាហរណ៍ជាក់ស្តែងទី២៖បន្ទាប់មកទៀតមានបដិវត្តិន៍ប្រជាជនថ្មីមួយទៀតនៅប៉ែក
ខាងកើតនៃប្រទេសរូសស៊ីនៅឆ្នាំ១៩០៧គឺជាបដិវត្តិន៍របស់ពួកវណ្ណៈអធន=កុម្មុយនិស្ត ប្រឆាំង
នឹងរបបរាជានិយមនឹងរបបសាធារណៈរដ្ឋសេរីដែលជាពួកចក្រព័ទ្ធនិយម,ពួកមូលធននិយម។
ឧទាហរណ៍ជាក់ស្តែងទី៣៖ថ្មីៗនេះមានបដិវត្តន៍ប្រជាជនកើតមាននៅតំបន់ម៉ាហ្គ្រែប(Malgrèb),
ព្រូសអូរីយ៉ង់(Proche-Orient)កើតមាននៅប្រទេស(ទុយនេស៊ីTunésie),(លីប៊ី Libye),(អេហ្ស៊ីប
Egypt),(ស៊ីរ៊ី Syrie)កើតមានបដិវត្តន៍ប្រជាជនធ្វើការបះបោររើបំរះងើបរំលំរបបផ្តាច់ការនិយមប្រ
ឆាំងដណ្តើមយកអំណាចដែលគេហៅថាប្រាំងតង់អារាប់ PrintempsArab។ បើកាលជំនាន់ពុទ្ធ
កាលវិញក៏វាមិនខុសពីសម័យបច្ចុប្បន្នកាលយើងនេះដែរ ជម្ងឺសង្គមកើតមានជាហូរហែរដែល
នាំឱ្យមានការប្តូរផ្លាស់ពីរជ្ជកាលរបស់ស្តេចអង្គមួយមករជ្ជកាលរបស់ស្តេចអង្គមួយទៀតមិន
ដែលដាច់ ចំណែកឯប្រជាជនវិញមិនទាន់មានចំណេះចេះដឹងគ្រប់គ្រាន់ដើម្បីងើបបះបោររើបំរះ
ប្រឆាំងនឹងរដ្ឋអំណាច ប៉ន្តែចាំរហូតមកទល់នឹងចុងសតវត្សទី១៨ទើបប្រជាជនបារាំងជាលើក
ទី១ហ៊ានងើបបះបោររើបំរះប្រឆាំងនឹងរបបរាជានិយមតាមរយៈបដិវត្តន៍របស់ប្រជនពិតប្រាកដ។
ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយឱ្យចេះសំគាល់និងចេះពិចារណានូវគ្រប់ព្រឹត្តិ
ការណ៍ដែលមានកើតឡើងនៅគ្រប់ជំនាន់ និងមាននៅគ្រប់ទិសទីលើពិភពលោកយើងនេះ៖
១)-សម្បត្តិមហាសាល វាក្លាយជាមេរោគដ៏កាចសាហាវដែលធ្វើឱ្យសង្គមមានជម្ងឺរាំរ៉ៃគឺជម្ងឺមហា
រីកដែលកំពង់ស៊ីរូងផ្ទៃក្នុងរបស់សង្គម នាំឱ្យកើតមានជម្លោះរវាងបុគ្គល ក្នុងសង្គមគ្រួសារ និងក្នុង
សង្គមជាតិទាំងមូលដោយមានការបែកបាក់គ្នារវាងសង្គមពួកមេដឹកនាំ ជាមួយនឹងប្រជាជន និង
នាំឱ្យកើតមានអស្ថិរភាពសង្គមនិងកើតភាពវឹកវរពេញទាំងនគរ។ បើសម្បត្តិមហាសាលនោះ
កើតមានឡើងដោយអំពើទុច្ចរឹត(អកុសលកម្មបទ)របស់ពួកមេដឹកនាំថ្នាក់កំពូលដូចជាស្តេច,
ប្រធានាធិបតី,នាយកមន្ត្រីដែលអត់មានទសពិធរាជធម៌,អត់មានព្រហ្មវិហាធម៌និងអត់មាន
លក្ខណៈគុណសម្បត្តិបួនយ៉ាងរបស់សេនាដៃដែក(១) ដែលជាសេនាអ្នកបំរើជាតិនិងប្រជាជនដ៏
ពិតៗនោះក្នុងការបំពេញតួនារបស់ខ្លួនជាមេដឹកនាំ។
២)-បើមេដឹកនាំថ្នាក់កំពូលដូចជាស្តេច,ប្រធានាធិបតី,នាយកមន្ត្រីមានទសពិធរាជធម៌,មានព្រហ្ម
វិហាធម៌និងលក្ខណៈគុណសម្បត្តិបួនយ៉ាងជាសេនាដៃដែក(១) ដែលជាសេនាអ្នកបំរើជាតិនិងប្រជាជនដពិតៗមែននោះ ក្នុងការបំពេញតួនារបស់ខ្លួនជាមេដឹកនាំ និងបើសិនជាសម្បត្តិមហា
សាលនោះកើតមានឡើងដោយអំពើសុច្ចរឹត(កុសលកម្មបទតាមកម្លាំងកាយនិងប្រាជ្ញា) នុះ
ច្បាស់ជាសម្បត្តិមហាសាល វានឹងក្លាយទៅជាឧប្បករណ៍ដ៏ពិសេសអាចបំរើប្រយោជន៍ដ៏ធំធេង
សំរាប់បុគ្គល,សង្គមគ្រួសារ,និងសង្គមជាតិទាំងមូលឱ្យបានជួបប្រទះនូវការរីកចំរើនខាងផ្លូវ
សម្ភារៈ,មានភាពចុះសម្រុងជាធ្លុងមួយរវាងអ្នកដឹកនាំជាមួយនឹងប្រជាជនដែលជាហេតុនាំឱ្យ
កើតមានសេចក្តីសុខសន្តិភាពក្នុងសង្គមជាតិទាំងមូលជាក់ជាមិនខាន។
ដូច្នេះ សម្បត្តិមហាសាល វាគ្រាន់តែជារោគសញ្ញាដើម្បីបញ្ជាក់ប្រាប់យើងដឹងអំពីសុខភាពរបស់
សង្គម ថាតើសង្គមមានជម្ងឺ ឫក៏មានសុខភាពល្អមាំមួន? តាមការដកពិសោធន៍ដែលកើតមាននៅ
ប្រទេសដ៏ទៃ ជាភស្តុតាងបញ្ជាក់ប្រាប់យើងថា៖ គឺអាស្រ័យទៅលើទង្វើរបស់មេដឹកនាំទាំងស្រុង
បើទង្វើរបស់មេដឹកនាំនោះ វាជាអំពើទុច្ចរឹត(អកុសលកម្មបទ៖កាយ,វាចា,ចិត្ត)សង្គមច្បាស់ជា
ត្រូវមានជម្ងឺមហារីកជាមិនខានឡើយ ច្បាស់ជាកើតមានបដិវត្តន៍ចៀសមិនរួច។ ប៉ុន្តែផ្ទុយទៅ
វិញបើទង្វើរបស់មេដឹកនាំនោះវាជាអំពើសុច្ចរឹត(កុសលកម្មបទ៖កាយ,វាចា,ចិត្ត)សង្គមប្រាកដជា
មានសុខភាពល្អមាំមួនបានន័យថាសង្គមបានទទួលសុខសន្តិភាពជាក់ជាមិនខានឡើយ៕
No comments:
Post a Comment